ព័ត៌មានទាន់ហេតុការណ៍៖

បន្ទោរបង់មកមានឈាមក្រហមសុទ្ធតែបណ្តាលមកពីជំងឺ ឫសដូងបាត !

ចែករំលែក៖

ភ្នំពេញ ៖ នេះគឺជាផ្នត់គំនិត និង ការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូរទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និង ផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវៀងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬ ព្យាបាលជម្ងឺបានទាន់ពេលវេលា ។ 

ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជម្ងឺ ឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហារផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចអោយមានឈាមក្រហមពេលបន្ទោរបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និង អាយុជីវិតទៀតផង ។  ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា : ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។ 

ដូច្នេះហើយទើបការដែលបន្ទោរបង់លាមកមានឈាមក្រហមនេះសម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើងតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវអោយមានការពិនិត្យ និង ធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះអោយបានច្បាស់លាស់បំផុតដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និង បែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬ បញ្ហារបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិ្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហារពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀតបើទោះជាមានជម្ងឺឫសដូងបាតក៏នៅតែមិនប្រាកដដែរថាឈាមនោះមកពីផ្នែកខាងក្រោម ឬ មកពីពោះវៀនធំនោះទេ ។ 

* ចំពោះការបន្ទោរបង់មានឈាមដែលតម្រូវអោយធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះគឺមានកក្តា និង រោគសញ្ញារួមផ្សំដូចជា :

    – អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)

    – បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l) 

    – មានអការ:ឈឺពោះរាំរៃ (Chronic abdominal pain)

    – មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)

    – ក្រោយការពិនិត្យរាង្គកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)

    – មានប្រវត្តិគ្រួសារដែលមានបញ្ហារដុំសាច់កាច ឬ មហារីក (Family history of any cancer).

ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នាពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតចំពោះបញ្ហារនៃការបន្ទោបង់មកមានឈាមក្រហម សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និង មិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជម្ងឺអោយបានច្បាស់លាស់ ក្នុងគោលបំណង់ជៀសវាងភាពធ្ងន់ធ្ងរ ព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និង ទាន់ពេលវេលាផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖