ប្រទេសចិន៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្ត្រាចា្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងវេជ្ជសាស្រ្តអង្គការស្នាមញញឹមកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១៦ នៃអង្គការស្នាមញញឹមតំបន់អាស៊ី នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះបានពិភាក្សាអំពីយុទ្ធសាស្រ្តរួមគ្នាពីវិធីបង្ការ ព្យាបាលយកចិត្តទុកដាក់ ព្រមទាំងអប់រំសុខភាពដល់ម្ដាយ និងកុមារឆែបមាត់សម្រាប់ទូទាំងតំបន់អាស៊ី ដើម្បីកាត់បន្ថយនូវអត្រាកំណើននៃកុមារឆែបមាត់។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ដើម្បីជួយវះកាត់មាត់ឆែបជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនោះមានកុមារចំនួន ៥,៣១៨ករណី បានទទួលការវះកាត់មាត់ឆែប ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ដែលនេះជាតួលេខមួយក្នុងចំណោមតួលេខសរុបជាង ៨០,០០០ ករណី ដែលអង្គការស្នាមញញឹមតំបន់អាស៊ីបានរួមគ្នាជួយវះកាត់។
សូមបញ្ជាក់ផងដែរថា ការចូលរួមកិច្ចប្រជុំនេះអមដំណើរដោយក្រុមប្រឹក្សាភិបាល លោក ចាន់ កុកចយ និងលោកសាស្ត្រាចារ្យ នូ សារ៉ុម ព្រមទាំងតំណាងមកពីប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអង្គការស្នាមញញឹមនៃសាធារណរដ្ឋប្រជាមានិតចិន នឹងគ្រោងបញ្ចូលប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាសមាជិកបន្ថែមទៀតនៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះ សូមជម្រាបសាធារណជនឱ្យបានជ្រាបថា អង្គការស្នាមញញឹមកម្ពុជា ក៏បានសហការជាមួយអង្គការស្នាមញញឹមនៃប្រទេសជប៉ុន គ្រោងនឹងរៀបចំការវះកាត់មាត់ឆែបដល់កុមារនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយមានការគាំទ្រពីមន្ទីរសុខាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តកំពតផងដែរ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ ៖ សហការី