ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការ ដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ អញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពល ទាហាន នៅកងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរ ជើងនៅចំណុចភ្នំបាយឃ្លះក្នុងឃុំត្នោតជុំ ស្រុកក្រគរ ។
ថ្លែងក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពនិងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ឯកបានថ្លែងបន្តថា សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេល វេលា ដូចនេះយើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និងប្រជាជន។ កន្លងទៅបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីតម្លៃសន្តិភាព ដោយបានទទួលស្គាល់ និងផ្តល់យុត្តិធម៌ តាមរយៈការបោះឆ្នោតគាំទ្រ ដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជន ដើម្បីបន្តការដឹកនាំរាជ រដ្ឋាភិបាល។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក សូមបងប្អូនកង ទ័ពរបស់យើង ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើប កម្មយោធាឱ្យកាន់តែរីកចម្រើន រឹងមាំបង្កើនកិត្យានុភាពលើឆាកអន្តរជាតិនិងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់ បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាពិសេសការចូល រួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនិយាយជារួម និងចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់កងទ័ពយើង និយាយដោយឡែក។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក សម្តែងការអរគុណ និងកោតសរសើរដល់បងប្អូនកងទ័ពរបស់ទាំង អស់ ដែល តែងតែសកម្មចូលរួមជាមួយកម្លាំងផ្សេងៗទៀត ក្នុងសកម្មភាពសង្គមផ្សេងៗ និងជួយសង្គ្រោះប្រជាជន ពេលជួបគ្រោះមហន្តរាយជាដើម ៕
ដោយ៖ សូរិយា