ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ បង្ហាញពីភាពបន្ទាន់និងចាំបាច់ក្នុងវិស័យសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាទាំងមូល ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាជាថ្មី ក្នុងរយៈពេល ៤ឆ្នាំក្រោយវិបត្តិកូវីដ-១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩»។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកានេះ ក៏បានបង្ហាញពីភាពបន្ទាន់ និងចាំបាច់ក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំដំណើររួមគ្នា រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុមរមនា ដើម្បីឈានទៅសម្រេចបានមហិច្ឆតារួមរបស់កម្ពុជា គឺ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ 

នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថារាល់សេចក្តីសម្រេចនានានៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នេះ គឺស្មើនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» ជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ 

សូមបញ្ជាក់ថា ៖ វេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» ត្រូវបានធនាគារពិភពលោកវាយតម្លៃកាលពីឆ្នាំ២០០៩ ថា ជាយន្តការល្អនៅក្នុងការដោះស្រាយបញ្ហាជាមួយវិស័យឯកជន ៕ 

ដោយ : សហការី


ចែករំលែក៖