លោក Volodymyr Fito អ្នកនាំពាក្យកងកម្លាំងជើងគោកអ៊ុយក្រែនបាននិយាយថា គោលដៅរបស់អ៊ុយក្រែនក្នុងខែរដូវរងា គឺកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់យោធារបស់រុស្ស៊ីនិងរុញកងកម្លាំងម៉ូស្គូចេញពីអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Ukrainska Pravda របស់ប្រទេសអ៊ុយក្រែនបានដកស្រង់សម្តីលោក Fito ដោយនិយាយថា “ភារកិច្ចចម្បងរបស់អ៊ុយក្រែនគឺត្រូវកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់និងដឹកជញ្ជូនរបស់កងកម្លាំងរុស្ស៊ីទាំងនៅជួរមុខនិងនៅពីក្រោយជួរមុខ”។
នៅពេលនេះដែរ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតអ៊ុយក្រែន
ខណៈរុស្ស៉ីកំពុងបង្កើនការទម្លាក់គ្រាប់បែកនិងព្យាយាមឆ្ពោះទៅមុខជាមួយកងទ័ពថ្មើរជើង។
អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun បានប្រាប់ទូរទស្សន៍ជាតិថា «ការប្រយុទ្ធគ្នាកំពុងបន្តរយៈពេល ២ថ្ងៃកន្លងមកនេះ។ កងកម្លាំងរុស្ស៉ីដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនក្នុងតំបន់ បានបង្កើនការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំង Su-35»។ លោក Shtupun បានបន្ថែមថា «សត្រូវ (រុស្ស៉ី) ក៏កំពុងចល័តកងទ័ពថ្មើរជើងកាន់តែច្រើនឡើងៗ។ ប៉ុន្តែ នៅពេលពួកគេព្យាយាមដាក់ពង្រាយរថពាសដែក កាលពីថ្ងៃម្សិលមិញ រថក្រោះពីរគ្រឿងនិងយានជំនិះ១៤គ្រឿងផ្សេងទៀត ត្រូវបានបំផ្លាញទាំងអស់»។
កងកម្លាំងរុស្ស៉ី បានបង្កើនការវាយលុកលើភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីបរាជ័យនៅទីក្រុងកៀវនៅដើមទីនៃសង្រ្គាម ហើយចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងទៅនេះមក រុស្ស៉ីបានជំរុញការវាយដណ្តើមយកទីក្រុង Avdiivka ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីទីតាំងដែលខ្លួនគ្រប់គ្រងនៃតំបន់ Donetsk៕ ដោយ៖ ធីរីណា
រូបថត៖ AFP