រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Yoav Gallant បានប្រកាសថា ក្រុមហាម៉ាស់បាន “បាត់បង់ការគ្រប់គ្រងលើតំបន់ហ្គាហ្សាស្ទ្រីប” ដែលជាការកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅនៃការលុបបំបាត់កងកម្លាំងនេះ។
លោក Yoav Gallant បានបញ្ជាក់ថា «គ្មានកម្លាំងហាម៉ាស់ណាអាចបញ្ឈប់កងកម្លាំងការពារអុីស្រាអែល (IDF) បានទេ។ IDF កំពុងរីកចម្រើនគ្រប់ចំណុច។ ក្រុមហាម៉ាស់បានបាត់បង់ការគ្រប់គ្រងលើតំបន់ហ្គាហ្សាស្ទ្រីប។ ភេរវករកំពុងរត់ទៅភាគខាងត្បូង។ ជនស៊ីវិលកំពុងសម្រុកចូលមូលដ្ឋានរបស់ក្រុមហាម៉ាស់ដើម្បីយកទ្រព្យសម្បត្តិ។ ពួកគេលែងមានជំនឿលើរដ្ឋាភិបាលទៀតហើយ»។
លោក Gallant បានបន្ថែមថា “យើងធ្វើការតាមបេសកកម្ម។ យើងមិនមាននាឡិកាកំណត់ទេ។ ពួកគេនឹងសម្រេចបាននូវគោលដៅរបស់ពួកគេ” ។ អុីស្រាអែលប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិជុំវិញការវាយប្រហារដ៏លើសលប់របស់ខ្លួនលើដីតូចចង្អៀតមួយនេះ។
លោក Gallant ក៏បាននិយាយផងដែរថា យុទ្ធនាការយោធារបស់ IDF នៅជុំវិញទីក្រុង Gaza បានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលកងទ័ពបានវាយប្រហារផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់។ ការកើនឡើងនេះបានជំរុញឱ្យសេតវិមានរំលឹកអុីស្រាអែលឱ្យការពារ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅតំបន់ហ្គាហ្សាស្ទ្រីបដែលអុីស្រាអែលជឿថាក្រុមហាម៉ាស់មានទីស្នាក់ការនៅខាងក្រោម៕ ដោយ៖ ធីរីណា
រូបថត៖ Reuters