ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន ៖ ទិសដៅការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការប្រមូលផ្ដុំកម្លាំងសាមគ្គីដើម្បីអភិវឌ្ឍន៍មាតុភូមិ ឱ្យរីកចម្រើនជឿនលឿន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នៅព្រឹកថ្ងៃ ពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ប្រធាន សមាជិកសមាជិកា គណៈកម្មាធិការរណសិរ្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរយនាក់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេលជិត ២ទសវត្យកន្លងមកនេះ ចាប់ពីមហាសន្និបាតលើកទី៥ មក រណសិរ្សបានបំពេញតួនាទីយ៉ាងសកម្ម បម្រើការងារចលនាមហាជន ដោយអនុវត្ត គោលនយោបាយមហាសាមគ្គីឯកភាពជាតិគ្រប់ស្រទាប់ វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមកម្មវិធីគោល នយោបាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

សម្តេច បានមានប្រសាសន៍បញ្ជាក់ទៀតថា រណសិរ្សគ្រប់ថ្នាក់ មានសាមគ្គីភាពល្អ និងបានខិតខំបំពេញ ការងារចលនាមហាជន យ៉ាងសកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងរួមចំណែកអភិវឌ្ឍអង្គការរណសិរ្យ ឲ្យមានដំណើរការ និងសម្រេចបានសមិទ្ធផលល្អប្រសើរ គួរជាទីមោទន។ ទិសដៅការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្រាប់អនុវត្ត ឆ្នាំបន្ត គឺបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ សំដៅប្រមូលផ្ដុំកម្លាំងរបស់ប្រជាជាតិខ្មែរ ទាំងមូល ទាំងធនធានមនុស្ស ទាំងសម្ភារៈ បរិក្ខារ ព្រមទាំងភាពអនុគ្រោះនៃកត្តាខាងក្រៅ ដើម្បីអភិវឌ្ឍន៍មាតុភូមិ ឱ្យរីកចម្រើនជឿនលឿន បន្តទៀត។

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្តូរឈ្មោះមកពី រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាអង្គការមហាជនប្រមូលផ្តុំកម្លាំងសាមគ្គីអ្នកស្នេហាជាតិទាំងក្នុង និងក្រៅប្រទេស ដឹកនាំបង្កើតឡើងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងតំបន់រំដោះ នាភូមិជើងឃ្ល ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត ក្រចេះ ដើម្បីរួមកម្លំាងផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

មានរណសិរ្ស២ធ្នូ ទើបមាន៧មករាឆ្នាំ១៩៧៩ ហើយមានថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ទើបប្រទេសជាតិនិងប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ៕

ដោយ៖ សហការី


ចែករំលែក៖