ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។
ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ហើយសម្តេច បានបន្តថា ទីតំាងតំបន់កោះនរា អាចរៀបចំជាកន្លែងសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអាជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បីបញ្ជៀសការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យ បានលឿន៕
ដោយ ៖ សហការី