ភ្នំពេញ ៖ ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលតែងតែផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន និងជំរុញវិនិយោគិនចិនមកដាក់ទុនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។
សម្តេចធិបតី ថ្លែងថា ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លៃផ្កានៃសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
នាយករដ្ឋមន្ត្រី នៃកម្ពុជាលើកឡើងថា៖ ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កើតចេញពីគំនិតផ្តួចផ្តើមនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ភារកិច្ចរបស់យើងគឺធ្វើឱ្យព្រលានយន្តហោះសៀមរាបអង្គរដំណើរការ និងក្លាយជាកំលាំងជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ ។
សម្តេចធិបតីបន្តថា៖ កំឡុងពេលកូវីដ-១៩ វិស័យទេសចរណ៍នៅខេត្តសៀមរាបបានធ្លាក់ចុះ ប៉ុន្តែបច្ចុប្បន្នខេត្តដែលមានសក្តានុពលទេសចរណ៍នេះ គឺមានកំណើនឡើងវិញជាពិសេសបន្ទាប់ពីមានព្រលានយន្តហោះថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ ប្រទេសជាច្រើននៅលើពិភពលោក បានដំឡើងថ្លៃអគ្គសនីដោយសារវិបត្តិថាមពល ប៉ុន្តែកម្ពុជានៅតែរក្សាតម្លែថេរ លើសពីនេះគឺបានបញ្ចុះថ្លែសម្រាប់អាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ថែមទៀត ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរៀបចំការអនុវត្តគំរោងឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ ៕
ដោយ ៖ សហការី