ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលសោធននិវត្តន៍ និងពិការ ឆ្នាំ២០២៣ របស់កងទ័ពជេីងគោក

ចែករំលែក៖

ភ្នំពេញ៖​ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជានការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលសោធននិវត្តន៍ និងពិការ ឆ្នាំ២០២៣ របស់កងទ័ពជេីងគោក នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ ម៉ៅ​ សសុផាន់ ថ្លែងថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកមេបញ្ជាការកងទ័ពជេីងគោក បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់​ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តមនិងសេចក្តីថ្លៃថ្នូរជាពលរដ្ឋឆ្នើមរបស់ជាតិមាតុ​ភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រម ទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ៖ សូរិយា


ចែករំលែក៖