ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងថា លោកបានអញ្ជើញនាយករដ្ឋមន្រ្តីចិន លោក Li Qiang ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ខណៈដែលទំនាក់ទំនងទ្វេភាគី ដែលពីមុនមកធ្លាប់តែមានភាពរកាំរកូសខ្លាំង នាពេលនេះកំពុងបន្តទទួលបានភាពប្រសើរឡើងវិញ។
លោក Albanese ដែលទើបតែបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នាពេលកន្លងទៅក្នុងខែវិច្ឆិកានេះ បានជួបមុខប្រធានាធិបតីចិន លោក ស៉ី ជីនពីង សាជាថ្មីម្តងទៀតនៅឯកិច្ចប្រជុំកំពូល APEC ដែលប្រារព្ធឡើងនៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ លោក Albanese បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ជំនួបមានភាពវិជ្ជមាន។ យើងបានជជែកគ្នាអំពីគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Li ទៅកាន់ប្រទេសអូស្រ្តាលីនាឆ្នាំក្រោយនេះ ដ្បិតឥឡូវកិច្ចប្រជុំថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរបានបន្តឡើងវិញដូចដើមហើយនោះ»។ លោកនាយករដ្ឋមន្រ្តីបានបន្តថា រូបលោកក៏បានស្នើឱ្យលោក ស៉ី ជីនពីង ដកបម្រាមពាណិជ្ជកម្មនៅសេសសល់ដែលត្រូវបានដាក់មកលើផលិតផលរបស់អូស្រ្តាលីផងដែរ។
ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអូស្ត្រាលី ប៉ុន្តែទំនាក់ទំនងទ្វេភាគីបានធ្លាក់ដុនដាបខ្លាំងកាលពីឆ្នាំ២០២០ អំឡុងរដ្ឋាភិបាលអូស្រ្តាលីអាណត្តិមុន ហើយទីក្រុងប៉េកាំងបានដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់លើទីក្រុងកង់បេរ៉ា។ យ៉ាងណាមិញ ចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតវិញ ហើយចំណងទាក់ទងក៏ចាប់ផ្តើមវិលទៅរកភាពប្រសើរឡើង ចាប់តាំងតែពីលោក Albanese បានក្លាយជានាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីខែឧសភា ឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN