ខេត្តរតនគិរី៖ រដ្ឋបាលសាលាខេត្តបានរៀបចំសម្អាត និងកែលម្អនៅជុំវិញមាត់បឹងកន្សែងដើម្បីធ្វើសួនច្បារ ខណៈត្រៀមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រព្រឹត្តិទៅនៅថ្ងៃទី២៣~២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខ។
រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា ការប្រណាំងទូកងមានរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់២៤ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង៨និង៣០នាទីព្រឹកដំណើរការប្រណាំង ទូកងនោះ ហើយនៅរសៀលថ្ងៃដដែលនោះ ក៏មានពិធីប្រគល់ពានរង្វាន់ជ័យលាភីអ្នក ដែលប្រណាំងទូកងឈ្នះ។
ពិធីនេះក៏មានការប្រគុំតន្ត្រីរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣~២៤~២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏មានការបង្ហោះគោមនិងបាញ់កាំជ្រួចធ្វើឡើងរាល់រាត្រីពីម៉ោង១៩និង០០នាទីយប់។
ក្នុងនោះផងដែររដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកកម្សាន្តសប្បាយរីករាយឲ្យបានច្រើន។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រណាំងទូកនេះ កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរខេត្តមិនបានរៀបចំធ្វើឲ្យស្អាតបាតទេ ខណៈផ្លូវចូលមកបឹងកន្សែងមិនទាន់បានរៀបចំធ្វើ ឲ្យបានល្អ ខ្លាចបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើ ដំណើរចូលមកដើរកម្សាន្តលេងក្នុងពិធីបុណ្យអុំទូក។
នេះបើតាមការឲ្យដឹងពីលោកញ៉ែម សំអឿន អភិបាល ខេត្តរតនគិរីកន្លងទៅ បន្ទាប់ពីអ្នកសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ មិនបានធ្វើពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែកន្លងមក ហើយមាន តែបាញ់កាំជ្រួចតែប៉ុណ្ណោះ។ លោកថ្លែងថា នឹងរៀបចំពិធីបុណ្យអុំទូកនេះនៅឆ្នាំក្រោយ ឆ្នាំ២០២៣ ប៉ុន្តែឥឡូវនេះមិនបានធ្វើពិធីបុណ្យអុំទូកទេ ដោយផ្លូវពិបាកពេកថែមទាំងបែកភក់ទៀតផង។
ប៉ុន្តែឥឡូវនេះឃើញថាផ្លូវចាក់បេតុងឈៀងខាងកើតបឹងកន្សែងនោះបានស្ថាបនារួចរាល់ហើយដែរ ដោយសារមានការយកចិត្តទុកដាក់ពីលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តនៃភូមិភាគឦសានមួយនេះ៕
ដោយ៖ សូរិយា