ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទោះបីជាយើងដាក់ទិសដៅក្នុងការជំរុញការធ្វើពិពិធកម្ម ជំរុញការលើកកម្ពស់ឧស្សាហកម្ម សេវាកម្ម ឌីជីថលក៏ដោយ ក៏យើងមិនអាចដើរចោលកសិកម្មបានដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាក់ស្ដែង កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ នេះ គឺសំដៅពង្រឹង និងជំរុញបន្ថែមទៅលើការជួយទាញសក្តានុពលកសិកម្មរបស់យើង និងធ្វើយ៉ាងណាអោយបានផលបានច្រើនទៅដល់កសិកររបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះ ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះអាចបង្កង្កើតផលស្រូវបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ៖ កម្ពុជាសុខចិត្តស្ថិតនៅក្នុងចំណោមលេខ១០ នៃក្រុមជើងខ្លាំង ប្រទេស ខ្លាំង ដែលឈរនៅលំដាប់លេខ១។ កម្ពុជាមិនចង់ឈរលេខ១ នៅក្នុងក្រុមដែលឈរនៅលំដាប់ទី១០ នោះទេ ៕
ដោយ ៖ សហការី