ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានប្រតិភូ រួមជាមួយ លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សា ស្តីពីការរៀបចំបង្កើតគម្រោងវេជ្ជសាស្រ្តទេសចរណ៍ (Study Visit on the Development of Medical Tourism) នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការ បានទទួលការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masahiro Imamura សមាជិករដ្ឋសភា នៅការិយាល័យរបស់ លោកផ្ទាល់ និងបានទស្សនាវិមានរដ្ឋសភានៃប្រទេសជប៉ុន។ នៅថ្ងៃដដែលនេះ លោកស្រី រដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Shonan Kamakura និងបានពិនិត្យមើលការព្យាបាលជំងឺមហារីកដោយប្រើប្រាស់ម៉ាស៊ីននិងបច្ចេកវិទ្យាចុងក្រោយគឺ Neutron Therapy ។
នៅថ្ងៃទី២នៃដំណើរទស្សនកិច្ច លោកស្រីរដ្ឋលេខាធិការបានដឹកនាំប្រតិភូជួបប្រជុំពិភាក្សា ជាមួយលោកនាយកប្រតិបត្តិ នៃក្រុមហ៊ុន MEDIROM ដើម្បីពិភាក្សាលម្អិត អំពីការរៀបចំបង្កើតគម្រោងវេជ្ជសាស្ត្រទេសចរណ៍នេះ។ បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទៅទស្សនាសាខារបស់ក្រុមហ៊ុន MEDIROM ដែលផ្តល់សេវាព្យាបាលដោយចលនា។
នៅថ្ងៃទី៣នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំប្រតិភូទៅទស្សនាស្វែងយល់ពីការងារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ID Pharma Co., Ltd ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវការព្យាបាលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ-១៩ ជំងឺអេដស៍ ព្រមទាំងជំងឺមិនឆ្លង ដូចជាជំងឺមហារីក ៕
ដោយ ៖ សហការី