ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ។ នេះបើយោងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា៖ ដីការបស់លោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ»។ ការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរជម្រាបថា ពាក់ព័ន្ធករណីបាញ់បោះសេរីនេះ មនុស្សចំនួន៤នាក់ហើយ ត្រូវបានចៅក្រមស៉ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។  ការសម្រេចឃុំខ្លួននេះ ក្រោយតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី! ។

វប្បធម៍បាញ់បោះសេរីនេះ ជាអំពើល្មើសច្បាប់ ហើយសង្គមស្អប់ខ្ពើមបំផុត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាអោយបណ្តេញចេញមន្ត្រីនគរបាលចំនួន៤រូប ដែលពាក់ព័ន្ធការបាញ់បោះ បន្ទាប់ពីទទួលរបាយការណ៍ ពីនាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ។ បច្ចុប្បន្នក្រុមជនត្រូវចោទកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅឡើយមេក្លោងឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ គឺលោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន៕

ដោយ ៖ សហការី


ចែករំលែក៖