ខេត្តស្វាយរៀង៖ យោងតាមលោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះថាក្នុងរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តក្នុងពិធីប្រណាំងទូកខេត្តស្វាយរៀង សរុបប្រមាណជាង៥៥ម៉ឺន នាក់ ។
លោកបន្តថាក្នុងពិធីប្រណាំងទូក នៅខេត្តស្វាយរៀង នាឆ្នាំនេះ គឺភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តតាមគោលដៅសំខាន់ៗដែលរៀបចំដោយរដ្ឋបាលខេត្ត ជាអាទិ៍ កន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខា្នតធំ ទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រី និងមានការបាញ់កាំជ្រួច ជាដើម។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រណាំងទូក នាឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្តស្វាយរៀងសរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ២២នាក់ មានចំនួន៥៧គ្រឿង និងប្រភេទទូកក្ដារបីសន្លឹកចំណុះ៣នាក់ មានចំនួន១០គ្រឿង ដោយមានកីឡាករ-កីឡាការិនី ចូលរួមសរុប១ ៦៣៩នាក់ (នារី ១១នាក់)។
ពិធីប្រណាំងទូកនេះ ប្រភេទទូកខ្នាតអន្តរជាតិ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥ លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលផងដែរ ៕
ដោយ៖ សុថាន