ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, ដោយមានការអនុញ្ញាត្តពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១៣ខេត្ត បានចុះបំពេញបេសកកម្ម ពិនិត្យ និងគាំទ្រលើការងារផ្តល់សេវានៅមណ្ឌលសុខភាពចំនួន ០៤កន្លែង នៅក្នុងស្រុកក្រឡាញ់ និង ០៤មណ្ឌលសុខភាពផ្សេងទៀត នៅក្នុងស្រុកសូត្រនិគម នៃខេត្តសៀមរាប ដែលមានការចូលរួមសហការណ៍សម្របសម្រួលពីលោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាល និងលោកវេជ្ជបណ្ឌិត សួរ សុទ្ធី ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប។
សកម្មភាពចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ គឺផ្តោតសំខាន់ទៅលើកិច្ចការមួយចំនួនមានដូចជា៖
១. ការជំរុញ បង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍
២. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញ មណ្ឌលសុខភាព
៣. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងការចុះបញ្ជីឈ្មោះអ្នកជំងឺតាមប្រព័ន្ធអនឡាញ
៤. ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៥. ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦. ការពង្រឹងសមត្ថភាពបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធឌីជីថល
៧. ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារពេទ្យ
៨. ការបំពេញការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងវត្តមានប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។
សូមបញ្ជាក់ថា មណ្ឌលសុខភាពចំនួន ០៨ដែលបានចុះទៅដល់មានដូចជា មណ្ឌលសុខភាព ចន្លាស់ដៃ, មណ្ឌលសុខភាព រោងគោ, មណ្ឌលសុខភាព ស្រីស្នំ, មណ្ឌលសុខភាព មោង, មណ្ឌលសុខភាព សំរោង, មណ្ឌលសុខភាព ពពេល, មណ្ឌលសុខភាព កៀនសង្កែ និងមណ្ឌលសុខភាព សង្វើយ។
គួរកត់សម្គាល់ផងដែរថា ក្នុងនាមតំណាង លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រីក៏បានចូលរួមពីធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅក្នុងស្រុកសូត្រនិគម និងបានចូលរួមកម្មវិធីសិក្ខាសាលាពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៣ និងរៀបចំផែនការឆ្នាំ២០២៤ ស្ដីពីការអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាព ជាពិសេសផ្តោតទៅលើការ ជំរុញ បង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍ និងការពង្រឹងការគ្រប់គ្រងជំងឺមិនឆ្លង ដែលបានរៀបចំ ដោយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន សហការជាមួយនឹងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ផងដែរ ៕
ដោយ ៖ សហការី