ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលស្វាគមន៍គណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំដោយ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងបានអមដំណើរ លោកស្រី រដ្ឋលេខាធិការ ចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី១ កម្ពុជា-ជប៉ុន ( The First Cambodia-Japan Senior Officials’ Talks =SOTs) នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
សូមបញ្ជាក់ថា : កាលពីថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) ប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ ក្នុងនេះ និមន្តពីទីក្រុងភ្នំពេញចំនួនមួយអង្គ ពីវត្តខ្មែរសាមគ្គី មួយអង្គ និងពីវត្តអង្គររតន:រង្សី មួយអង្គ នៃខេត្ត កាណាកាវ៉ា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនសហគមន៍ខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។
កម្លាំងសាមគ្គីដោយចិត្តជ្រះថ្លាចូលរួមអង្គកឋិនទានរបស់បងប្អូនខ្មែរ រួមជាមួយស្ថានទូតកម្ពុជា ទទួលបានបច្ច័យជាសាច់ប្រាក់ សរុប ៩៥០,០០០ យ៉េន (កៅសិបប្រាំម៉ឺនយ៉េន) សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការព្រះពុទ្ធសាសនា។ ក្រៅអំពីការចូលរួមជាបច្ច័យ ពុទ្ធបរិស័ទទាំងអស់បានសម្តែងនូវសេចក្តីរីករាយជាទីបំផុតចំពោះការជួបជុំមហាគ្រួសារ ក្នុងនាមខ្មែរតែមួយ និងទទួលទានអាហារសាមគ្គីជុំគ្នា ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។
ស្ថានទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី