អាវចំនួន៦ក្នុងចំណោមអាវដែលពាក់ដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi អំឡុងពេលយុទ្ធនាការឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីននឹងត្រូវលក់ដេញថ្លៃ។
ប្រធានក្រុមជម្រើសជាតិ Messi វ័យ៣៦ឆ្នាំបានលើកពានខាងលើ បន្ទាប់ពីពួកគេបានផ្តួលបារាំងដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែធ្នូឆ្នាំមុននៅប្រទេសកាតា។
អាវរបស់គាត់ពីវគ្គផ្តាច់ព្រ័ត្រត្រូវបានដាក់បញ្ចូលក្នុងឈុតចំនួន៦ដែលត្រូវបានគេរំពឹងថា នឹងប្រមូលបានច្រើនជាង៨លានផោនក្នុងការដេញថ្លៃដែលរៀបចំដោយ Sotheby’s ក្នុងទីក្រុងញូវយ៉ក។
ឯតទគ្គកម្មសម្រាប់អាវកីឡាដែលពាក់សម្រាប់ការប្រកួតគឺជាអាវ NBA Finals កាលពីឆ្នាំ១៩៩៨ របស់កីឡាករបាល់បោះ Michael Jordan ដែលលក់ក្នុងតម្លៃ៨.៨លានផោនក្នុងឆ្នាំ២០២២។
លោក Brahm Wachter ដែលជាប្រធានផ្នែកប្រមូលទិញទំនើបរបស់ Sotheby បាននិយាយថា ការលក់អាវទាំង៦របស់ Messi ឈរជាឱកាសដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តដេញថ្លៃ។
លោក Wachter បានបន្ថែមថា “ការប្រកួត FIFA World Cup ឆ្នាំ២០២២គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកីឡា ដោយភ្ជាប់ទំនាក់ទំនងខាងក្នុងទៅនឹងដំណើរដ៏អង់អាចរបស់ Messi និងបានកំណត់យ៉ាងរឹងមាំនូវឋានៈរបស់គាត់ជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល”។
អាវរបស់ Messi ត្រូវបានលក់ក្នុងតម្លៃ១០.១លានដុល្លារកាលពីឆ្នាំមុន។ ការដេញថ្លៃបានកត់សម្គាល់កាន់តែច្រើនឡើងនូវវត្ថុអនុស្សាវរីយ៍កីឡាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលចាត់ទុកថាជាទីផ្សារដែលកំពុងរីកចម្រើន។
អាវកំពុងត្រូវបាននាំយកទៅដេញថ្លៃដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក AC Momento ដែលជួយអត្តពលិកគ្រប់គ្រងការប្រមូលវត្ថុអនុស្សាវរីយ៍។ ផ្នែកមួយនៃប្រាក់ចំណូលនឹងត្រូវបានបរិច្ចាគទៅគម្រោង UNICAS ដែលជាគំនិតផ្តួចផ្តើមជាមួយមន្ទីរពេទ្យកុមារ Barcelona ដែលជួយកុមារដែលមានជំងឺកម្រ។
អាវនេះនឹងមានដាក់ឱ្យទស្សនាជាសាធារណៈដោយឥតគិតថ្លៃនៅពេលដែលពួកគេដាក់ដេញថ្លៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)