ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានរួមគ្នាជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព ហើយកុំធ្វើឱ្យឈានទៅដល់ការប្តឹងផ្តល់នៅតុលាការ។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងដូច្នេះថា៖«ការដោះស្រាយបញ្ហាវិវាទផ្សេងៗ គឺត្រូវធ្វើឱ្យបាន ធ្វើឱ្យមានប្រសិទ្ធភាព យន្តការទី១ គឺដោះនៅនឹងកន្លែងឱ្យបាន យើងមានយន្តការក្រសួង និងអធិការកិច្ចក្រសួងសម្របសម្រួលធ្វើការឱ្យមានប្រសិទ្ធភាព ហើយឱ្យមានតម្លាភាព ហើយឱ្យបានរហ័ស កុំធ្វើរឿងតូច ឱ្យទៅជាធំ អត់រឿង ក្លាយទៅជាមានរឿង»។
សម្តេចធិបតី បានណែនាំឱ្យកម្មករនិយោជិត និងនិយោជកចូលរួមថែរក្សាសុខុមរមណីយកម្មនៅក្នុងរោងចក្រ និងសហគ្រាស ហើយប្រសិនមានបញ្ហាទាស់ទែងគ្នាត្រូវដោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យអ្នកតំណាងខាងសហជីពកុំអូសទាញឱ្យកម្មករនិយោជិតទៅធ្វើការខុសជំនាញ ជាពិសេសខាងនយោបាយដែលនាំឱ្យមានបញ្ហាកើតឡើង។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលរដ្ឋចូលរូមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបន្តរីកចម្រើន។ ជាមួយគ្នានេះសម្តេចធិបតីបានអំពាវនាវឱ្យពលរដ្ឋបន្តជឿទុកចិត្តលើការដឹកនាំ និងបម្រើរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ និងបម្រើប្រជាពលរដ្ឋដោយមិនរត់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈទេសណាក៏ដោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកឡើងថា៖ កម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពី «យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង
ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»ការអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាពនឹងជួយ៖
-បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ
-លើកទឹកចិត្តដល់កសិករក្នុងការងារផលិតកម្មកសិកម្ម
– រក្សាសន្តិសុខស្បៀងសម្រាប់សហគមន៍ និងក្នុងប្រទេស
-រក្សាលំនឹងនិរន្តរភាពផលិកម្មកសិកម្ម
-បង្កើនបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មសម្រាប់ផ្គត់ផ្គង់ ការនាំចេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលយប់សម្តេចតែងពិនិត្យសំណូមពរប្រជាពលរដ្ឋតាមបណ្តាញសង្គម ហើយបានដាក់ចេញវិធានការដោះស្រាយបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងជួយដល់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋ តែកម្មករ និយោជិត និងប្រជាពលរដ្ឋ ក៏ត្រូវប្រឹងប្រែងជួយខ្លួនឯង ៕
ដោយ ៖ សិលា