ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញបង្កើនការត្រួតពិនិត្យគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​ មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការងារត្រួតពិនិត្យម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋដែលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក ដែលគោលបំណងការពារសុខុមាលភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយប៉ះពាល់សុខភាពបងប្អូនប្រជាពរដ្ឋ។

ប្រភពដដែលបន្តថា​ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញពុំមានអនុលោមភាពចំនួន ១០គីឡូក្រាម និងបានអប់រំផ្សព្វផ្សាយបន្ថែមជូនអាជីវករដែលលក់ទំនិញក្នុងពិធីបុណ្យអុំទូកផងដែរ​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ គឺថ្ងៃទី១៨-១៩  ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ជាមួយគ្នានេះ​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ​ កាលពីម្សិលមិញនេះ​ បានបើកវគ្គសិក្ខាសាលាស្ដីពី «គុណភាព សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្ស និងលោកគ្រូនាក់គ្រូចំនួន ១១៦នាក់ក្នុងអនុ និងវិទ្យាល័យអន្តរជាតិតិចថោន ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីបង្រៀនដល់សិស្សានុសិស្សអំពីការយល់ដឹងពីម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារដែលមានហានិភ័យដល់សុខភាពដែលនឹងជ្រើសយកមកបរិភោគ ចៀសវាងការបរិភោគម្ហូបអាហារដែលពុំមានសុខសុវត្ថិភាពត្រឹមត្រូវហើយនាំឱ្យមានជំងឺផ្សេងៗដែលកើតមានឡើងចំពោះសិស្សានុសិស្ស។

ក្រោយពីសិក្ខាសាលា មន្រ្តីជំនាញក៏បានធ្វើការបិតផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារប្រមាណជាង ៥០ផ្ទាំងជូនដល់សិស្សានុសិស្សក្នុងការស្វែងយល់បន្ថែមផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖