ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសង្ឃឹមថាស្មារតីនៃចំណងមិត្តភាពជាប្រពៃណីនិងបងប្អូនរវាងកម្ពុជាឡាវ និងទំហំពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង លោក បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងជាបងប្អូននៃប្រទេសទាំងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិងពលរដ្ឋទាំងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរដល់ លោក ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដ១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្តនិងបងប្អូននឹងគ្នានៅគ្រប់កាលៈទេសៈ ទំាងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍប្រទេសដូចគ្នា។

 សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាពជាអមតៈហើយនេះ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេចបានសម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នា មានឡាវនិងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទំាងសងខាង។ 

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយដោយឃើញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទាំងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាល បាននាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើន។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរបានកើនដល់ ២១០លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រោមចំណងមិត្តភាពភាពជាដៃគូរយុទ្ធសាស្រ្តយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន៣៥ កំពុងវិនិយោគនៅប្រទេសឡាវ។

លោក បួកែវ ភុំវង្សសាយ បានសម្តែងការអបអរសាទរចំពោះរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌កាលពីខែកក្កដាកន្លងមក។ លោកមានសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងប្រជាជននិងប្រជាជន កាន់តែរឹងមាំនិងស្អិតរមួតថែមទៀត។

 ជាមួយគ្នានេះ លោកបានអបសារទរចំពោះការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមុះមុតនិងស្វាហាប់ក្នុងការនាំកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំធ្វើជាស្ពានក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីបងប្អូននេះ ឱ្យទទួលបានជោគជ័យថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋ បក្សនិងប្រជាជនឡាវ បានត្រៀមជាស្រេចការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលនឹងបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលCLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូខាងមុខនេះ។ 

លោក បួកែវ ភុំវង្សសាយ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសឡាវនាពេលនេះ មានសារៈសំខាន់ណាស់នៅក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់ស្ថាប័នប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖