សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា លោក Josep Borrell ដែលជាប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) បានលើកឡើងថា ការបង្កើតរដ្ឋឬប្រទេសប៉ាឡេស្ទីននឹងជាមធ្យោបាយប្រសើរជាងគេបង្អស់ ដើម្បីធានាសន្តិសុខសម្រាប់អ៉ីស្រាអែល។
លោក Borrell បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២៧ ដែលជាសមាជិក EU បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីវិបត្តិសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់នៅឯដែនដីប៉ាឡេស្ទីន Gaza Strip។
ប្រមុខការទូតកំពូលរបស់ EU រូបនេះ បាននិយាយថា លោកបានឈានដល់សេចក្តីសន្និដ្ឋាននយោបាយមួយ ដោយផ្អែកលើកិច្ចពិភាក្សាជាមួយបណ្តាប្រទេសអារ៉ាប់។ លោក Borrell បាននិយាយដូច្នេះថា «បើតាមការយល់ឃើញផ្ទាល់របស់ខ្ញុំ ការធានាដែលប្រសើរបំផុតសម្រាប់សន្តិសុខរបស់ប្រទេសអ៉ីស្រាអែល គឺការបង្កើតរដ្ឋឬប្រទេសប៉ាឡេស្ទីនមួយ»។
លោក Borrell ក៏បានទទូចផងដែរថា អ៉ីស្រាអែលមិនគួរនៅត្រួតត្រាលើតំបន់ Gaza ក្រោយសង្រ្គាមបច្ចុប្បន្នបញ្ចប់ទៅវិញនោះឡើយ ដោយភារកិច្ចគ្រប់គ្រងដែនដីប៉ាឡេស្ទីនមួយនេះ គួរតែត្រូវប្រគល់ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន។
រយៈពេលជាង១ខែមកហើយ អ៉ីស្រាអែលកំពុងបន្តប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាតាមផ្លូវគោកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដើម្បីសងសឹកចំពោះ ការចូលលុកលុយរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហាររបស់ហាម៉ាស់លើអ៉ីស្រាអែលនាពេលនោះបានផ្តាច់ជីវិតមនុស្ស១,២០០នាក់ ខណៈសកម្មភាពសងសឹករបស់អ៉ីស្រាអែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១៣,៣០០នាក់ហើយ នៅ Gaza៕
ដោយ៖ ធីរីណា(រូបថត៖ AFP)