ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ​ រតនៈ​ ដាក់ផែនការ​គ្រប់គ្រង​ និងបញ្ចប់ការ​​នាំ​ចូល​ឧបករណ៍​​ស៊ី​ភ្លើង​ច្រើន​នៅ​ទីផ្សារ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​ និងថាមពល​ បាន​ថ្លែង​បញ្ជាក់យ៉ាងដូច្នេះ​ថា៖ ការ​ចាត់​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ឧបករណ៍​ដែល​ស៊ីភ្លើង​​ច្រើន​ ដើម្បី​រួម​ចំណែកគ្រប់គ្រង​​ការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាព​។​ ការ​ថ្លែង​បែប​នេះ​ របស់​លោក​រដ្ឋមន្ត្រី​ ក្នុង​វេទិកា​ពិភាក្សាក្លិប​អ្នក​កាសែត​កម្ពុជា​ស្តីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា»​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ ស្ថិត​នៅសណ្ឋាគារសុខាភ្នំពេញ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពលរូបនេះ បាន​បង្ហាញ​ពី​ផែនការ​ក្នុងការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​ទប់ស្កាត់​ការ​នាំចូល​ឧបករណ៍​​អគ្គិសនី​ដែល​ស៊ី​ភ្លើង​ច្រើន​មក​ទីផ្សារ​ក្នុងស្រុក។​ លោក​ បន្តថា រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ឆ្នាំ ២០២៣ ទៅ ២០៣០ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រហែល​ឲ្យបាន ១៩ % ស្មើ ២០០០ មេហ្គាវ៉ាត់។ ការ​ទប់ស្កាត់​បាន​ជោគជ័យ​​អាច​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាច់​បង្កើត​រោងចក្រ​ថ្មី​ផលិត​ថាមពល​ថ្មី ​បន្ថែម​ចំនួន​ ២០០០ មេហ្គាវ៉ាត់ ​ដែល​​នឹង​ចូលរួម​កិច្ច​ការពារ​បរិស្ថាន។

ក្រៅពីលើកពី​គម្រោង​ការ​ហាមឃាត់​ការ​នាំ​ចូល​ឧបករណ៍​ដែល​ស៊ី​ភ្លើងច្រើន​ លោក​រដ្ឋមន្រ្តី​ ក៏​ចង់​ឱ្យពលរដ្ឋ​ប្រើប្រាស់​ថាមពល​​​ដោយ​សន្សំសំចៃ ​ដើម្បី​​ចូលរួមចំណែក​សម្រេច​បាន​គោលដៅ​ការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាព។ 

សូមជម្រាបជូនថា​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាត់ទុក​ នេះជាលើកទី១ ដែល ក.អ.ក ទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដែលជាវិស័យគន្លឹះយ៉ាង សំខាន់សម្រាប់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា។

គោលបំណងនៃការរៀបចំវេទិកាពិភាក្សា ដើម្បីជួយអ្នកសារព័ត៌មានបានស្វែងយល់បន្ថែមអំពីបច្ចុប្បន្ន ភាពរួមទាំងស្ថានភាពទូទៅនៃវិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពលប្រកប ដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកលសម្រាប់វិស័យជាអទិភាពនេះ។ ទន្ទឹមនោះគោលការណ៍ឧបត្ថម្ភ ធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាករបស់ផ្នែកឯកជនពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងត្រូវលើកយកមកបង្ហាញនៅក្នុងវេទិកាពិភាក្សា នេះផងដែរ៕

ដោយ៖ រ៉ារ៉ា​


ចែករំលែក៖