ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយគ្នានោះ ក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិ ម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។
-សម្ដេចធិបតី ថ្លែងថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព ជាដើម។
-សម្ដេចធិបតី ថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។
-សម្ដេចធិបតី ថ្លែងថា កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប។
-សម្តេចធិបតី ថ្លែងថា កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។
-សម្ដេចធិបតី ថ្លែងថា ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។
-សម្តេចធិបតី ថ្លែងថា រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
-សម្ដេចធិបតី ថ្លែងថា ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ(ខ្នងបង្អែក) ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា។
-សម្តេចធិបតី ថ្លែងផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។
សូមជម្រាបជូនថា ការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម បានផ្តល់នូវម្លប់ដ៏ត្រជាក់សម្រាប់ជាតិកម្ពុជា ហើយដំណើរអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ជាតិនៅតែបន្តរក្សា។ សមិទ្ធផលដែលសាងសង់ក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ រយៈពេល៣ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធសមិទ្ធផលជាច្រើន រួមមានមន្ទីរពេទ្យតេជោសន្តិភាព, អគារដ្ឋបាលខេត្តកំពង់ស្ពឺ, ស្ពានបេតុងខ្សែកាបកោះនរា និងអាកាសយានដ្ឋានសៀមរាបអង្គរ។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាងសង់សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន៕
ដោយ៖ ស តារា