ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់ គឺជាថ្ងៃគម្រប់ខួប ៣ខែគត់ នៃការចាប់ដំណើរការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប ៣ ខែគត់ នៃការចាប់ដំណើរការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយការសម្ពោធកំណាត់ផ្លូវជាតិពីព្រែកក្ដាម ទៅខេត្តបាត់ដំបងនៅព្រឹកនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់។

នាឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជក់ថា ផ្លូវនេះធ្លាប់រងការខូចខាតដោយសារសង្គ្រាម និងធ្លាប់ជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះផ្លូវនេះបានប្រែក្លាយពី ២គន្លង មកជា ៤គន្លង ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចទៀតផង។

បន្ថែមពីលើនេះ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ ក៏មានដែរការសម្ពោធផ្លូវពីសិរីសោភ័ណទៅបន្ទាយមានជ័យដែលក៏ជានិមិត្តរូបនៃទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិ ម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖