ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះលើសលប់ ភ្លូកទឹកភ្លូកដី !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាថ្មីម្តងទៀតបានផ្ញើសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំគ្នាចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥(ព្រែកក្តាម. បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥សេរីសោភ័ណ-ប៉ោយប៉ែត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ដោយបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសនូវអ្នកដឹកនាំរាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនច្រើកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួនតាមរយៈការបោះឆ្នោតកន្លងទៅនេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋរហូតដល់ជាង ៨៧,៣១ភាគរយ បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧។ សម្តេចថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គឺជាកត្តាសំខាន់ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋតទៅទៀត។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។

សម្ដេចធិបតី បញ្ជាក់ថា ៖ ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ដោយ ៖ សិលា


ចែករំលែក៖