សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កាលពីថ្ងៃ២១ខែវិច្ឆិកា ហ្ស៊កដានីបានប្រកាសពីការបង្កើនវត្តមានកងទ័ពរបស់ខ្លួន នៅតាមព្រំដែនជាមួយអ៉ីស្រាអែល ហើយព្រមានថា រាល់ការប៉ុនប៉ងណាមួយរបស់អ៉ីស្រាអែល ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ឆ្លងកាត់ទន្លេហ្ស៊កដានី នឹងត្រូវបានចាត់ទុកជាការរំលោភលើកិច្ចព្រមព្រៀង សន្តិភាពជាមួយប្រទេសជិតខាង។
ជម្លោះអ៉ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានធ្វើឲ្យមានការភ័យខ្លាចថែមទៀតសម្រាប់ហ្ស៊កដានី ដែលជាជម្រករបស់ជនភៀសខ្លួន ប៉ាឡេស្ទីនដ៏ច្រើន។ លោកនាយករដ្ឋមន្រ្តីហ្ស៊កដានី Bisher Khasawneh បាននិយាយថា ប្រទេសរបស់លោកនឹងរក «គ្រប់មធ្យោបាយក្រោមសិទ្ធិ របស់ខ្លួន» ដើម្បីរារាំងអ៉ីស្រាអែលពីការអនុវត្តគោលនយោបាយ ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ West Bank ។
ដោយសំដៅទៅលើសន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៩៤ ជាមួយអ៉ីស្រាអែល លោក Khasawneh បានបញ្ជាក់ថា «ការផ្លាស់ទីលំនៅ ឬការបង្កើតលក្ខខណ្ឌ ណាមួយដែលនាំទៅដល់ការផ្លាស់ទីលំនៅ ហ្ស៊កដានីនឹងចាត់ទុកវាថាជាការប្រកាសសង្គ្រាម និងជាការរំលោភលើសន្ធិសញ្ញាសន្តិភាព។ នេះមានន័យថា ជាការរំលាយបុព្វហេតុប៉ាឡេស្ទីន ហើយប៉ះពាល់ដល់សន្តិសុខជាតិរបស់ហ្ស៊កដានី»។
ហ្ស៊កដានី ជាប្រទេសអារ៉ាប់ទីពីរ បន្ទាប់ពីអេហ្ស៉ីប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ហើយមានទំនាក់ទំនងសន្តិសុខ រឹងមាំជាមួយអ៉ីស្រាអែល។ ប៉ុន្តែទំនាក់ទំនងនេះ បានធ្លាក់ចុះចាប់តាំងពីរដ្ឋាភិបាលស្តាំនិយមរបស់លោក Benjamin Netanyahu ឡើងកាន់តំណែង៕ ដោយ៖ ធីរីណា

រូបថត៖ AP
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច