ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដំឡើងប្រទីបរបស់ក្រសួង រួចរាល់ហើយ ដើម្បីជាការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ . ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ប្រទីបរបស់ក្រសួងបរិស្ថាន ត្រូវបានរចនាឡើងព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរ ដោយយកនិមិត្តសញ្ញានៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាគោល និងបានរចនាឡើងជារូបរង្វង់ ដោយមាន យុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ និងចលនាចល័តវិលរុញបង្វិលយុទ្ធសាស្រ្តបីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺ យុទ្ធសាស្រ្ត ភាពស្អាត ភាពបៃតង ផ្តោនិងដោយចីរភាព។ ប្រទីបក្រសួងបរិស្ថាន បានរចនាឡើង អមដោយសមិទ្ធផលធំៗក្នុងរយៈពេលកន្លងមក និងផែនការសកម្មភាពក្នុងវិស័យបរិស្ថានផងដែរ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព របស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូល នូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាពនិងអព្យាក្រឹត្យកាបូន។
ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ក្នុងនោះក្រៅពីមានពិធីប្រឡងប្រណាំងទូកង នឹងមានប្រទីបចំនួន៣០ របស់ក្រសួង ស្ថាប័ន នឹងបណ្តែតបង្ហាញខ្លួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ៕
ដោយ៖ សូរិយា