ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកលេងកាំបិតហោះ​ នៅខណ្ឌពោធិ៍សែនជ័យ​ ៣នាក់​ ត្រូវ​បានឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ បានបង្ហាញ​មុខ​ក្រុមអ្នកលេងកាំបិតហោះ​ចំនួន​ ៣នាក់​ជាសាធារណៈ​ និងបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បានឱ្យដឹងថា​ ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណី​ហិង្សា​មាន​ស្ថានទម្ងន់ទោស​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​មាន​ស្ថានទម្ងន់ទោស (យក​កាំបិត​បុ័ង​តោ កាប់​ជន​រងគ្រោះ)​ កាលពីថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣:៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​គោក​ព្រិច​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

​សមត្ថកិច្ចជំនាញ​ ចាប់​យក​វត្ថុ​តាង​រួម​មាន​៖​ កាំបិត​បុ័ង​តោ​ចំនួន​២ដេីម​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ ត្រូវ​បានកម្លាំងនគរបាលជំនាញ​បញ្ជូន​ខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាម​ផ្លូវ​ច្បាប់​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖