ភ្នំពេញ ៖ លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសនៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល, ចំពោះខេត្តដទៃទៀត នឹងប្រកាសលទ្ធផលជូននៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាម ក្រសួងអប់រំយុវជននិងកីឡា បាន ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់ក្នុង កម្មវត្ថុ ថា ៖ ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា៖ ក្រសួងអប់រំ យុវជន និង កីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៥:០០ នាទី និងនៅ ខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ នូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាមន្ទីរសាមី ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌល សំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។
ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួម ពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ 012 736 767 ដោយមាន បញ្ជាក់ពីស្ថានភាពស្រោម ដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួម ដូចមានគំរូជូនភ្ជាប់៕
ដោយ ៖ សិលា