ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអាល់ហ្វាដ បុកជាមួយរថយន្តដឹកកម្មករស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងរងរបួស២នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអាល់ហ្វាដបុកជាមួយរថយន្តដឹកកម្មករបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកបើករថយន្តTOYOTA ALPHARD ដែលស្លាប់មានឈ្មោះ តូច សំណាង អាយុ៤០ឆ្នាំ រស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិទំពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

    ចំណែកអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីអត់ស្គាល់អត្តសញ្ញាណនោះទេ

ខណៈអ្នករួមដំណើរដែលរងរបួសមានឈ្មោះ ប្រាក់ ស្រីណេត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាលបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងឈ្មោះ ម៉ៅ វិរៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    បើតាមពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-8121 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធំប្រភេទទេសចរណ៍ដឹកកម្មករកម្មការិនីរោងចក្រ ពណ៌បៃតង គ្មានស្លាកលេខ ដឹកកម្មករកម្មការិនីរោងចក្រពេញរថយន្តមានចំនួនជិត៨០នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច ហើយពេលនោះរថយន្តអាល់ហ្វាដ(ALPHARD) បានរេចង្កូតទៅខាងឆ្វេងដៃបុករថយន្តដឹកកម្មករកម្មការិនីរោងចក្រពេញទំហឹងចំពីមុខគាបជាប់គ្នាអូសរថយន្តឮសូរសំឡេងដូចផ្ទុះគ្រាប់បែក ផ្អើលដល់ពលរដ្ឋរស់នៅជិតនោះចេញមកមើលនិងជួយគាស់រថយន្តយកជនរងគ្រោះចេញប៉ុន្តែយកមិនបានទើបសមត្ថកិច្ចហៅរថយន្តស្ទូចមកទាញយកជនរងគ្រោះចេញបាន ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

    រីឯមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្រុកស្វាយទាបធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ហើយសាកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ដោយ៖ សុថាន


ចែករំលែក៖