ភ្នំពេញ៖ លោក ឃួង ស្រេង បាន បញ្ជាក់ថា បានស្នើ នឹងហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសម្ដី ទូកចាញ់ឬទូកឈ្នះ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ ។
លោកបានស្នើសុំបែបនេះ ក្នុងពិធីក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីពិធីបុណ្យអុំទូក៣ថ្ងៃ ទទួលបានសុខសប្បាយ ។ ក្នុងពិធីបួងសួងសុំសេចក្តីសុខនេះ ដោយ មានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។
លោកឃួង ស្រេង ក៏បានផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីអុំទូក ទាំងអស់នៅក្នុងអំឡុង នៃការប្រកួតអុំទូកនៅក្នុងព្រះរាជពិធីអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិន ឱ្យមានអំពើ ហិង្សាកើតឡើងផ្តើមចេញពីពាក្យសម្ដី ទូកចាញ់នៅមនុស្ស កិច្ចការនេះយើងក៏បានឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករកីឡាការិនីធ្វើការណែនាំបន្ត។
លោកក៏បានស្នើឱ្យកីឡាករទូក ទាំងអស់ ដែលចាញ់ ឆ្នាំនេះ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទៀតទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។ ដូច្នេះកីឡាករកីឡាការិនីទាំងអស់ សូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹងដែរធ្វើឱ្យ ប៉ះពាល់ទៅដល់កម្លាំង។
លោកបន្ដថា៖ ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ។ ពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺរាលត្បាតកូវីដ-១៩។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ អនុវត្តតាម អនុសាសន៍ការណែនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោល គឺធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួល បាននូវភាពរលូន និងជោគជ័យ។
នេះជាសមិទ្ធផលដ៏ធំធេង កើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ ។
លោក ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនកីឡាករកីឡាការិនីចំណុះទូកទាំង៤៤ទូកផងដែត ដែលក្នុងកីឡាករម្នាក់ ទទួលបាន អាវនិងមួកពីរកំផ្លេ ជាមួយនឹងថវិកា ៣ម៉ឺនរៀល។
លោក ឃួង ស្រេង បានបញ្ជាក់ថា តាមរបាយការណ៍ឱ្យដឹងពីលោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថា សម្រាប់រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះទូកអុំអន្តរជាតិចំនួន១២ទូក ទូកអុំបុរស មានចំនួន២៥ទូកនិងទូកចែវចំនួន ៧ទូក៕
ដោយ ៖ សំរិត