សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអាហ្សង់ទីន លោកស្រី Diana Mondino បាននិយាយថា លោក Javier Milei នឹងមិនកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី ចិន និងប្រេស៉ីលនោះទេ បើទោះបីជាលោកមិនយល់ស្របជាមួយគោលនយោបាយរបស់បណ្ដាប្រទេសទាំងនេះក៏ដោយ។
លោកស្រី Mondino បានប្រាប់បទសម្ភាសន៍មួយថា «វាមិនទំនងទាល់តែសោះក្នុងការនិយាយថា យើងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រេស៉ីល និងចិន។ វាមិនសមហេតុផលទេ»។ ឆ្លើយតបនឹងសំណួរអវិជ្ជមានជុំវិញទំនាក់ទំនងជាមួយរុស្ស៉ី លោកស្រី Mondino «ទំនាក់ទំនងការទូតគឺប្រើដើម្បីដោះស្រាយជម្លោះ ហើយស្ថានភាពមិនធ្ងន់ធ្ងរហូតដល់ដកឯកអគ្គរដ្ឋទូតនោះទេ»។
លោក Javier Milei ដែលដឹកនាំគណបក្ស Libertarian មានទំនោរស្តាំនិយមនៅក្នុងប្រទេសអាហ្សង់ទីន នឹងចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។ កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Milei ធ្លាប់និយាយម្តងហើយម្តងទៀតថា មិនមានបំណងអភិវឌ្ឍទំនាក់ទំនងជាមួយប្រេស៉ីល ចិន និងរុស្ស៉ីទេ ដោយសារតែការមិនយល់ស្របរបស់លោកចំពោះគោលនយោបាយរបស់ប្រទេសទាំងនេះ៕
ដោយ៖ ធីរីណា(រូបថត៖ AP)