សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានទទូចដល់ប៉ាគីស្ថានបញ្ឈប់ការបណ្តេញជនភៀសខ្លួនអាហ្វហ្គានីស្ថាន អំឡុងពេលនៃរដូវរងាខ្លាំងនេះ ខណៈដែលប៉ូលិសប៉ាគីស្ថាននៅតែបន្តស្វែងរកនិងធ្វើការបណ្តេញជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសារត្រឹមត្រូវឱ្យចាកចេញពីប្រទេសរបស់ពួកគេ។
កាលពីខែតុលា ទីក្រុងអ៉ីស្លាម៉ា
បាដបានប្រកាសពីបណ្តេញជនភៀសខ្លួនជាង១លាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ចំពេលមានជម្លោះនឹងគ្នា ជុំវិញការចោទប្រកាន់ថាអាហ្វហ្គានីស្ថានគាំទ្រក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។ អ្នកនាំពាក្យប្រចាំតំបន់ លោក Babar Baloch បានប្រាប់ Reuters ថា «UNHCR កំពុងអំពាវនាវឱ្យរដ្ឋាភិបាលប៉ាគីស្ថាន បញ្ឈប់ការបញ្ជូនជនភៀសខ្លួន ត្រឡប់មកវិញក្នុងចំនួនដ៏ច្រើនអំឡុងរដូវរងាដ៏អាក្រក់នេះ ពីព្រោះភាពត្រជាក់នៅអាហ្វហ្គានីស្ថាន ពិតជាគ្រោះថ្នាក់ដល់ជីវិត ហើយអាចឆក់យកជីវិតមនុស្ស»។ លោក Baloch បានបន្ថែមថា «យើងកំពុងនិយាយអំពីស្ត្រី កុមារ និងបុរសដែលកំពុងអស់សង្ឃឹមក្នុងការចាកចេញពីប្រទេសប៉ាគីស្ថាន»។
ប៉ាគីស្ថានគឺជាជម្រកនៃជនចំណាកស្រុក និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ហើយក្នុងនោះប្រហែល ១.៧លាននាក់គឺគ្មានឯកសារត្រឹមត្រូវ។ ចំនួនដ៏ច្រើននេះបានកើតឡើង បន្ទាប់ពីក្រុមតាលីបង់ដណ្តើមយកអាហ្វហ្គានីស្ថានមកវិញ នៅឆ្នាំ ២០២១។ ប៉ូលិសប៉ាគីស្ថានបាននិងកំពុងស្វែងរកអ្នកដែលគ្មាឯកសារត្រឹមត្រូវពីផ្ទះមួយទៅផ្ទះមួយនៅឯតំបន់តាំងទីលំនៅ
ដោយចាប់ផ្តើមពីទីក្រុងកំង់ផែ Karachi ជាកន្លែងដែលមានជនជាតិអាហ្វហ្គានីស្ថានរាប់សែននាក់រស់នៅ។ អ្នកដែលនៅសេសសល់អាចនឹងត្រូវបណ្តេញចេញដោយបង្ខំ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters