ភ្នំពេញ ៖ លោកស្រី ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះ រាជាណាចក្រកម្ពុជា និងលោក ហ្វីណាកុហ្សឺ តាកេហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ត្រីការ បរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេស កម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចពិភាក្សានេះត្រូវបានរៀបចំ ឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។
ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុនបានរីកចម្រើនកាន់តែខ្លាំង ដែលឈាន ដល់កម្រិតថ្មីជាមួយនឹងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ នៅដើមឆ្នាំនេះ។ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យសំខាន់ៗ រួមមាន នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍឌីជីថល ចំណងររវាងប្រជាជន និងប្រជាជន ជាដើម។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យ ទាក់ទងកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ ជាពិសេសជំនួបកំពូលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុននាពេលថ្មីៗនេះ។ ជំនួបកំពូលបានរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀត។
ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងពេល បច្ចុប្បន្ន ជាពិសេសស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគី និងវិនិយោគដ៏ច្រើនរបស់ជប៉ុននៅកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជ ឱ្យកាន់តែច្រើនថែមទៀត។
ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រ និងជំនួយមិនអាចកាត់ថ្លៃ បានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដោយកម្ពុជាជាដៃគូដ៏សំខាន់មួយរបស់ជប៉ុនក្នុងកិច្ច សហប្រតិបត្តិការអភិវឌ្ឍ ភាគីជប៉ុនបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងគោល នយោបាយជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។
បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរទស្សនៈទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួម។
ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ាន និងជប៉ុន ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ក្នុងឱកាសខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន ព្រមទាំងទន្ទឹងរង់ចាំស្វាគមន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងប្រជុំនេះ និងមាន ជំនួបកំពូលទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី គឺស៊ីជា។
នៅថ្ងៃទី២១ ខែវិច្ឆិកា លោកស្រី ទូត បញ្ញា បានជួបពិភាក្សាដាច់ដោយឡែកជាមួយ ឯកឧត្តម ហុរី អីវ៉ា (HORII Iwao) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសជប៉ុន។ ភាគីទាំងពីរបានពិភាក្សា ប្រកបដោយផ្លែផ្កាលើការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការពហុ វិស័យ ក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អ ប្រសើរនូវកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី១ នេះ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី២ នៅកម្ពុជា នៅឆ្នាំ២០២៤ តាមកាលបរិច្ឆេទដែលសមស្រប សម្រាប់ភាគីទាំងពីរ ៕
ដោយ ៖ សិលា