ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើស្រ្ដីអាយុ ២១ឆ្នាំ មួយករណីទៀត នៅភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើស្រ្ដីអាយុ ២១ ឆ្នាំ មួយករណីទៀត មានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ បានបញ្ជាក់ថា​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយ បក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធី សាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណី សង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមឺហ្គូ(Tamiflu)ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែល កើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សអច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យន បានទាន់ពេលវេលា។

   របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែល គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬ ទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖ សហការី​


ចែករំលែក៖