ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញគ្រប់គ្រងចម្ការមីន ថ្នាក់អាស៊ាននិងតំបន់លើកទី៦ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហ ប្រជាជាតិបានបិទបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ពិធីបិទវគ្គនេះធ្វើឡើងក្រោយអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ជេក ប៉េឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។របាយការណ៍ស្វាគមន៍ឧត្តមសេនីយ៍ទោប្រាក់ សុទ្ធ អគ្គ នាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានអនុគណៈកម្មការសម្របសម្រួលកិច្ចការហ្វឹកហ្វឺន ជំនាញគ្រប់គ្រងចម្ការមីនថ្នាក់តំបន់-អាស៊ានសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ លើក ឡើងថា វគ្គហ្វឹកហ្វឺនដែលឈានដល់ការបញ្ចប់នាពេល នេះ មានសិក្ខាកាមចូលរួមសរុបចំនួន៣៤នាក់ ក្នុងនោះមាននារី២នាក់ មកពី១១ប្រទេស ដូចជា៖ បង់ក្លាដេស, ឥណ្ឌូនេស៊ី,ម៉ាឡេស៊ី,កូរ៉េ,នេប៉ាល់,ម៉ុងហ្គោលី,ស្រីលង្ការ, ថៃ,ឡាវ,វៀតណាមនិងកម្ពុជា មានរយៈពេលជាង ៣សប្តាហ៍ បានផ្តល់នូវចំណេះដឹងថ្មីៗ ជំនាញរឹង ជំនាញទន់ ភាពធន់ យន្តការម្ចាស់ការឧត្តមានុវត្តន៍ និងបំពេញបន្ថែមចំណុចខ្វះខាត បង្កើនសមត្ថភាពដល់នាយទាហាន យល់ដឹងអំពីនីតិវិធីនៃការគ្រប់គ្រងចំការមីនប្រកបដោយបរិយាប័ន្ន។

 លោកអនុសេនីយ៍ឯក De LAPASSE Henri ប្រធានយោធារចារ្យបារាំងលើកឡើងនូវរបាយការណ៍លទ្ធផលហ្វឹកហ្វឺន ក្នុងរយៈពេល៣សប្តាហ៍គឺពោរពេញដោយមេរៀន ទាំងសម្រាប់ពួកយើងជាគ្រូ និងសម្រាប់សិក្ខា កាមផងដែរ «យើងបានវគ្គហ្វឹកហ្វឺនផ្តោតលើមេរៀនមួយចំនួនដែលមានលក្ខណៈទូទៅ ដែលអាចពួកយើងយល់ដឹង លើជំនាញបន្ថែមនូវពេលក្រោយ សិក្សាអំពីការរុករក ឆែកឆេរ សិក្សាពីអាវុធជាច្រើនប្រភេទ រាប់ចាប់ពីគ្រាប់មីន គ្រាប់បែកទម្លាក់ពីយន្តហោះ កំាភ្លើងត្បាល់ គ្រាប់កាំភ្លើងធំជាដើម ព្រមទាំងបានចុះការដ្ឋានបោសសំអាតមីន និងកំទេចគ្រឿងផ្ទុះផងដែរ»។

 លោក ជេក ប៉េឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងបារាំងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនិងគាំទ្រលើ វិស័យបោសសំអាតមីន។ វគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាននិងតំបន់នេះ ពិតជាជោគជ័យដ៏ធំធេងដែលបានបណ្តុះបណ្តាលសិក្ខាកាមមកពីប្រទេស ផ្សេងៗគ្នា។ សិក្ខាកាមដែលចូលរួមក្នុងវគ្គសិក្សានេះគឺសុទ្ធសឹង តែមកពីប្រទេសដែលមានកងកម្លាំងមួកខៀវ នៅក្នុងបេសកកម្ម អ.ស.ប. ពួកគាត់គឺជាអ្នកក្លាហានបំផុត ដែលហ៊ានប្រថុយជីវិតរបស់ខ្លួន ក្នុងបុព្វហេតុបម្រើដល់អ្នកដទៃ។

 នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងការសាកសួរ សុខទុក្ខ សេចក្តីនឹករលឹក និងការថ្លែងអំណរគុណពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះយោធាចារ្យនៃសាធារណរដ្ឋបារាំង,អូស្ត្រាលី និងកម្ពុជា ព្រមទាំងសិក្ខាកាមជាតិ- អន្តរជាតិផងដែរ ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីធានាបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតជាពិសេស កម្ពុជាទទួលបាននូវកិត្តិយសធ្វើជាម្ចាស់ផ្ទះជារៀងរាល់ឆ្នាំ,ជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទ ពិសោធន៍របស់កងកម្លាំងកម្ពុជាលើជំនាញបោស សំអាតមីន។

 នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា ក្រោមការ ដឹកនាំប្រកបដោយជាញជ័យរបស់សម្តេចតេជោហ៊ុន សែន រយៈពេលជាង១៧ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំង ទៅបំពេញបេសកកម្មលក្ខណៈមនុស្សធម៌ក្រោមឆ័ត្រអង្គការ សហប្រជាជាតិជាង៩០០០នាក់ ទៅកាន់តំបន់បេសកកម្មចំនួន ១២ ក្នុងបណ្តាប្រទេសចំនួន១០៕

ដោយ៖ សូរិយា


ចែករំលែក៖