ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ នឹងគាំទ្រឱ្យមានផ្សាររាត្រី វិស័យឯកជនច្រើនកន្លែង នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ខណៈកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កើនដល់ ជាង៣លាននាក់ទៅហើយ ។
លោកឃួង ស្រេង បានជំរុញ បែបនេះ ខណៈលោកចូលរួមជាអធិបតីភាព ក្នុងពិធីបើកឱ្យដំណើរការ ផ្សាររាត្រី ព្រីនស៍រៀលអ៊ីស្ទេត ជាផ្លូវការ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធរដែលនដី លោកសូមលើកទឹកចិត្ដ នឹងគាំទ្រ ដល់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប ដែលបង្កើតឱ្យមានផ្សាររាត្រីនៅតំបន់ ទីប្រជុំជន ឬស្សីកែវនេះ ។ ដោយមើលឃើញគោលនយោបាយ ដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនព្រីម ក៏បានម្រេចចិត្ដបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ,ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរ ការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រាជ រដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា វិស័យឯកជន គឺជាកម្លាំងចលករ នៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ កម្ពុជា នឹងក្លាយជាប្រទេស ដែលមានប្រាក់ ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបាន ប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់ រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និង ទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ។
លោកបន្ដថា៖ ដើម្បីធានាភាពជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និង និរន្តរភាពនៃការវិនិយោគទាំងអស់ របស់វិស័យឯកជន យើងត្រូវបន្តរួមគ្នាថែរក្សា សន្តិភាព និងស្ថិរភាពនយោ បាយ ឱ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ។
លោកបន្ដថា៖ ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលបានបណ្តាក់ទុន បើក ដំណើរការផ្សាររាត្រីភូមិអាហារ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ សមស្របទៅនឹងកាលៈទេសៈន ព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត ដែលនឹង អញ្ជើញមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយផ្សាររាត្រី ភូមិអាហារ នឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌប្ញស្សីកែវ និង ខណ្ឌជ្រោយចង្វារ ថែមទៀតផង។
លោកក៏បានផ្តាំផ្ញើរឱ្យគណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា “ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ”។
លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប បានបញ្ជាក់ឱ្យដឹងថា៖ ផ្សាររាត្រីផ្លូវជាតិលេខ៥គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេតគ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម។ផ្សារនេះមានស្តង់ជាង៣០០ស្ដង់ ព្រមទាំងមានអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។គម្រោងនេះដែរគ្របដណ្ដប់លើផ្ទៃដីសរុប១ហិក តាកន្លះ ដែលក្នុងនោះមានស្ដង់បោះដុំ ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវ រាល់តម្រូវការរបស់អ្នកប្រើប្រាស់ទាំង ការកម្សាន្ត និងការសម្រាកលំហែផងដែរ ៕
ដោយ ៖ សំរិត