ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ការអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធរបស់ផលិតករភាពយន្តក្នុងស្រុក ត្រូវបានពន្យារពេលរយៈពេល ០៥ឆ្នាំទៀត (២០២៤-២០២៨) ព្រមទាំងបានអនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្តជូនដល់សិល្បៈសៀកនាំក្រុមហ្វាពន្លឺខេត្តសៀមរាប។
សូមបញ្ជាក់ថា ៖ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖
១. អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក)
២. អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ
៣. អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING SOCIAL ENTERPRISE)។
ទន្ទឹមនឹងនេះ ផលិតករភាពយន្តក្នុងស្រុកនិងសៀក ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ កត់ត្រានិងកាន់កាប់បញ្ជីកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរ ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និង វប្បធម៌ពន្ធដារនៅកម្ពុជា ៕
ដោយ ៖ សហការី