ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយរណបថ្មីរបស់កូរ៉េខាងជើង ធ្វើឱ្យគោលដៅរបស់កូរ៉េខាងត្បូងស្ថិតនៅក្នុងកណ្តាប់ដៃកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មាន ពី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលរូបភាពគោលដៅសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ថតដោយផ្កាយរណបស៊ើបការណ៍ ក្នុងនោះរួមមានរដ្ឋធានីសេអ៊ូល និងទីក្រុងមួយចំនួនដែលដាក់ឱ្យមូលដ្ឋានទ័ពអាមេរិកឈរជើង។

កូរ៉េខាងជើង អះអាងពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ យកទៅដាក់នៅគន្លងផែនដីដោយជោគជ័យ កាលពីដើមសប្ដាហ៍នេះ ប៉ុន្តែ កូរ៉េខាងត្បូងនិយាយថាត្រូវការពេលវេលាបន្ថែមដើម្បីវាយតម្លៃថាតើផ្កាយរណបនេះពិតជាដំណើរការដូចជាកូរ៉េខាងជើងបានអះអាងដែរឬក៏យ៉ាងណា? តាមក្រុមអ្នកជំនាញ ផ្កាយរណបស៊ើបការណ៍មួយដំណើរការ ក្នុងគន្លងផែនដី អាចនឹងធ្វើឱ្យសមត្ថភាពយោធាកូរ៉េខាងជើងកាន់តែ ល្អប្រសើរឡើង ជាពិសេសក្នុងការតាមដាន និងស៊ើបការណ៍ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ដោយឡែក KCNA បានឱ្យដឹងថារូបភាពដែលលោក គីម ជុងអ៊ុន បានពិនិត្យមើលខាងលើត្រូវបានថតនៅចន្លោះពីម៉ោង ១០៖១៥នាទីដល់១០៖២៧នាទី កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងរូបភាពទីក្រុងសេអ៊ូល និងមូលដ្ឋានទ័ពអាមេរិក ហើយរូបភាពទាំងនោះក៏មានទាំង តំបន់មួយចំនួនរបស់កូរ៉េខាងជើងផងដែរ។
តាម KCNA ក្នុងចំណោមទីក្រុងរបស់កូរ៉េខាងត្បូង ត្រូវបានថតដោយផ្កាយរណបស៊ើបការណ៍កូរ៉េខាងជើង ក្នុងនោះមានទីក្រុង Pyeongtaek ស្ថិត នៅចម្ងាយ ៦០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល និងជាមូលដ្ឋានឈរជើងនៃបន្ទាយយោធាអាមេរិក Camp Humphreys ដែលជាមូលដ្ឋានទ័ពនៅក្រៅ ប្រទេសធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក។ មូលដ្ឋានទ័ពអាកាសអាមេរិក Osan ក៏ស្ថិតនៅក្នុងទីក្រុង Pyeongtaek នេះ ដែរ។
កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុននេះក៏បានអះអាងផងដែរថាលោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលរូបភាពថតដោយផ្កាយរណប ស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន បង្ហាញពីមូលដ្ឋានទ័ពអាមេរិកសំខាន់ៗនៅលើកោះ Guam៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖