ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលទឹកបរិសុទ្ធ៥០០០ កេសពីសប្បុរសជនដើម្បីឧបត្ថម្ភ ដល់កងកម្លាំងរក្សាសុវត្ថិភាពក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៣ថ្ងៃ ។
ពិធីទទួលទឹកបរិសុទ្ធ៥០០០កេសពីសប្បុរសជននេះ ប្រព្រឹត្ដទៅនៅសាលា រាជធានីភ្នំពេញ ក្រោមអបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ទឹកបរិសុទ្ធចំនួន៥០០០កេសត្រូវបានក្រុមហ៊ុន ជីប ម៉ុងគ្រុប ប្រគល់ជូនរដ្ឋ បាលរាជធានីភ្នំពេញសម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណ ដល់សប្បុរសជនអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប ។ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា និងលោកជំទាវដែលបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន៥០០០កេសជូនដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្តនិងការគិតគូរជូនដល់មន្ត្រីរាជការនិងកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទី-ភារកិច្ចរបស់ខ្លួនក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ឆ្នាំ ២០២៣នេះ ៕
ដោយ ៖ សំរិត