ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំ លោកលោកស្រីជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងព្រមទាំងក្រុមការងារ សសយក ខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខនៅបរិវេណមាត់ស្ទឹងសៀមរាបដែលជាទីតាំងរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះជាការបញ្ជាក់ពី អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប ។ 

មន្ទីរព័ត៌មាន ខេត្តសៀមរាប បានបន្តថា៖ ការរៀបចំនេះគឺដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្តីសុខសប្បាយ ដល់ដំណើរនៃការរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០២៣ និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា ៖ នេះជាលើកដំបូងក្រោយពីត្រូវបានអាក់ខានអស់រយៈពេលពីរឆ្នាំដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែលការរៀបចំនូវ ព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឡើងវិញនេះ អមជាមួយកម្មវិធីកំសាន្តសប្បាយជាច្រើន អនុលោមទៅលើស្ថានភាពល្អប្រសើរឡើងវិញក្រោយពីជួបវិបត្តិដោយសារជំងឺនេះ និងដើម្បីជាការជួយចំនុញនូវកំណើនសេដ្ឋកិច្ចជាតិ និងលំហូរនៃអ្នកទេសចរជាតិ និងអន្តរជាតិកាន់តែមានកំណើនពីមួយថ្ងៃទៅមួយថ្ងៃមកកំសាននៅខេត្តសៀមរាប។ ដូចបណ្តាលើកមុនៗដែរ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងអង្គភាពមន្ទីរនិងវិស័យពាក់ព័ន្ធ តែងតែសហការជិតស្និទ្ឋរៀបចំកម្មវិធីកំសាន្តជាច្រើនផងដែរ។សម្រាប់ឆ្នាំនេះ បន្ថែមពីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងអកអំបុក ខេត្តសៀមរាប ក៏មានកម្មវិធីកំសាន្តជាច្រើនទៀត ដូចជា ជិះទូកកំសាន្ត កម្មវិធីផ្សារទឹក កម្មវិធីពិព័ណ័ម្អូបអាហារ លែងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ និង កម្មវិធីDJ រាំបាញ់ទឹក ជាដើម ក្នុងគោលបំណងដើម្បីចូលរួម ថែរក្សាវប្បធម៌ដូនតារបស់យើង ឱ្យបានគង់វង្សស្ថិតស្ថេរនិងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាប អមទៅដោយ ការតុបតែងលំអរដោយភ្លើងចំរុះពណ៌នៅតាមដងស្ទឹង និងតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ 

ក្នុងនាមរដ្ឋបាលខេត្ត លោក លី វណ្ណៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរពីគ្រប់ទិសទីដែលមានបំណងមកកំសាន្តសប្បាយក្នុងឱកាសអុំទូកនៅខេត្តសៀមរាបនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃកម្មវិធីទាំងអស់ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយទាំងអស់គ្នា៕

ដោយ ៖ សហការី


ចែករំលែក៖