ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៦-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលក្នុងនោះមានប្រទីបចំនួន៣០ នឹងត្រូវបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកគុណ ចំពោះកងទ័ពជើងទឹកកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់នៃសន្តិភាព ។ ជយោ ! ព្រះរាជាណាចក្រកម្ពុជា កម្ពុជា ! ព្រះរាជាណាចក្រនៃវប្បធម៌ ។
អរគុណសន្តិភាព និងសូមភ្ជាប់ជូននូវអត្ថបទអត្ថាធិប្បាយនៃប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: ៕
ដោយ ៖ សហការី