ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥កើត និង ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ ក្នុងស្មារតីថែរក្សាការពារ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូផង់ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជនបានកម្សាន្តសប្បាយ ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ កម្មវិធីអកអំបុក សំពះព្រះខែ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៩:០០នាទីយប់តទៅ នៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដោយ មានរៀបចំកម្មវិធីដាល់អំបុក សម្តែងសិល្បៈ សៀក និងចម្រៀងបុរាណផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សហការី