សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១១នាក់បានបាត់បង់ជីវិត និង៣៥នាក់ផ្សេងទៀតបានទទួលរងរបួស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយសារហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែង នៅទីក្រុង Karachi។
មានមនុស្សសរុបជាង៦០នាក់ ស្ថិតក្នុងផ្សារទំនើបខាងលើ នៅពេលអគ្គិភ័យបានចាប់ផ្តើមឆាបឆេះ នៅជាន់ទី៤ នៃអគារដែលមានកម្ពស់៦ជាន់នោះ នៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់បានរកឃើញនិងយកបានសាកសពមនុស្ស១១នាក់ ខណៈដែលមនុស្ស៣៥នាក់ទៀតបានរងរបួស ក្នុងនោះ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរសុខាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា អគ្គិភ័យត្រូវបានបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ហើយវាបានឆេះរាលដាលនៅ២ជាន់នៃអគារផ្សារទំនើបនោះ។
កាលពីឆ្នាំ២០១២ កម្មករយ៉ាងហោចណាស់ក៏២៥០នាក់ដែរ បានស្លាប់នៅឯរោងចក្រកាត់ដេរមួយកន្លែងនៃតំបន់ភាគខាងលិចទីក្រុង Karachi ដោយសារតែភ្លើងឆាបឆេះ។ អគាររោងចក្រនោះគឺពុំមានច្រកចេញបន្ទាន់នៅពេលមានគ្រោះអគ្គិភ័យទេ៕ ដោយ៖ ធីរីណា
រូបថត៖ soha