ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល០២ថ្ងៃ!​ កម្លាំង​នគរបាលចរាចរណ៍ផ្លូវទឹក បានជួយសង្គ្រោះកីឡាករអុំទូក មានចំនួន១១ទូក ឱ្យមានសុវត្ថិភាពពីការលិចទូក​ ពេលកំពុង​ប្រណាំង​

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល០២ថ្ងៃនេះ បានចេញអនុវត្តជួយសង្គ្រោះកីឡាករអុំទូក មកដល់វេលានេះមានចំនួន១១ទូក កម្លាំងបានជួយសង្គ្រោះឱ្យមានសុវត្ថិភាពពីការលិចទូក​ នៅពេលកីឡាករ​កំពុង​តែប្រណាំង។ 

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃីអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃដដែល​នេះ​ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលទ្ធផល ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក និងផែនការបន្តបន្ទាប់ទៀតរហូតចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ។ 

ដោយឡែក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅថ្ងៃចន្ទទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកងកម្លាំងនគរបាលគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំងនគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ) ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះបន្ទាន់។ 

ប្រភពដដែលបន្តថា​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹម និងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ចគ្រប់ៗគ្នា៕

ដោយ​៖ សហការី​


ចែករំលែក៖