ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ម្នាកដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវកៅស៊ូលេខ 3130 ស្ថិតក្នុងភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាបខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខស្វាយរៀង 1L-16 51 បើកបរដោយឈ្មោះ ឡុង សារិន ភេទស្រីអាយុ៥២ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង ដោយជិះមិនប្រកាន់ស្ដាំក៏បុកជាមួយរថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BD-5315 បើកបរដោយឈ្មោះព្រីម បាទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមក អ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែករំដួល រីឯវត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង០៦និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ក្នុងភូមិប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ដោយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១CX-១១៨១ បើកបរដោយឈ្មោះប៉ែន នឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ(ស្លាប់) រស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតទៅលិច ប្រើប្រាស់ល្បឿនលឿនក៏បុកពីក្រោយរថយន្តម៉ាក KIA ពាក់ស្លាកលេខ ភ្នំពេញ ៣G-១៩៤២ ពណ៌លឿង ដែលចតអែបចិញ្ចើមផ្លូវ បើកបរដោយឈ្មោះ ដាញ់ រិទ្ធពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិត្រពាំងជ្រៃ សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕
ដោយ ៖ សុថាន