ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនិងអារ៉ាប់ព្រមព្រៀងគ្នាលើដំណោះស្រាយរដ្ឋពីររវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសអារ៉ាប់និងសហភាពអឺរ៉ុបបានយល់ស្របគ្នាក្នុងកិច្ចប្រជុំមួយនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ដំណោះស្រាយរដ្ឋពីរគឺជាចម្លើយចំពោះជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល ដោយប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និយាយថា អាជ្ញាធរប៉ាឡេស្ទីនគួរតែជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សា។
លោក Borrell បាននិយាយថា សមាជិកសហភាពអឺរ៉ុបដែលមកចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងបាសេឡូណាស្ទើរតែទាំងអស់បានយល់ស្របលើតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋពីរ។ អាជ្ញាធរប៉ាឡេស្ទីនត្រូវតែរៀបចំការបោះឆ្នោតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានភាពស្របច្បាប់បន្ថែម និងធ្វើឱ្យតួនាទីរបស់ខ្លួនកាន់តែប្រសើរឡើង ហើយនេះគឺជាដំណោះស្រាយតែមួយគត់សម្រាប់ការដឹកនាំអនាគតតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហាម៉ាស់។ ចំណែករដ្ឋមន្ត្រីការបរទេសហ៊្សកដានី លោក Ayman Safadi បាននិយាយថា ការពិភាក្សាណាមួយជុំវិញការគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីជម្លោះ គួរតែក្តោបរួមគ្នាទាំងតំបន់ West Bank និងហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីនគួរតែជាអ្នកសម្រេចចិត្តថានរណានឹងមកគ្រប់គ្រងពួកគេ។
ការយល់ស្របគ្នានេះធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំនៃវេទិកាសហភាពតំបន់មេឌីទែរ៉ាណេ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលមានសមាជិកចំនួន ៤៣នៃបណ្តាប្រទេសអឺរ៉ុប អាហ្រ្វិកខាងជើងនិងមជ្ឈិមបូព៌ា ប៉ុន្តែអ៉ីស្រាអែលមិនបានចូលរួមកិច្ចប្រជុំនេះទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖