ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញបាន ទប់ស្កាត់ការលក់ និងចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) របស់ក្រសួងពាណិជ្ជកម្ម បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដេីម្បីធានាអំពីសុវត្តិភាពម្ហូបអាហារ និងទប់ស្កាត់ការលក់ និងចែកចាយម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមបញ្ជាក់ថា ៖ នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប.  ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមទីតាំងបរិវេណសួនច្បារវត្តបុទុមវត្តី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់ និងចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព។

ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ៣១គំរូ  ពិនិត្យឃើញមាន បង្គាក្លាសេ ១គំរូ បានពិនិត្យរកឃើញមានចាក់បញ្ចូលសារធាតុចាហ៊ួយ ហើយត្រូវបានក្រុមការងារដកហូតបាន ចំនួន ២គីឡូក្រាម  និងនំចម្រុះពុំមានអនុលោមភាពខូចគុណភាពចំនួន ២០កញ្ចប់ ទម្ងន់ប្រមាណជិត ២គីឡូក្រាម ដើម្បីយកទៅកំទេចចោល ព្រមទាំងកំពុងបន្តស្វែងរកប្រភពចែកចាយបន្ត។ ដោយឡែក ចំពោះទំនិញហួសកាលបរិច្ឆេទប្រើប្រាស់វិញ មិនត្រូវបានរកឃើញទេ។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្រ្ជាបចំណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវឱ្យការដាក់តាំងលក់ត្រូវមានអនាម័យ ជូនដល់អាជីវករ និងអ្នកចូលរួមផងដែរ។

ជាសរុប រយៈពេលបីថ្ងៃនៃថ្ងៃប្រារព្វពិធីបុណ្យខាងលើនេះ គឺមានតែបង្គាមានសារធាតុចាហ៊ួយ ២គីឡូក្រាម និងនំចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន ២០កញ្ចប់ស្មើ ២គីឡូក្រាម ត្រូវបានរកឃើញ និងដកហូតតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖